ថ្ងៃទី៦
ខែមិថុនា (ខែ៦) ឆ្នាំ២០១៤ កន្លងនេះ លោកត្រឹន វ៉ាន់ថុង (Trần Văn Thông) អ្នកនាំពាក្យស្ថានទូតយួន
ប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា «ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់យួនតាំងពីយូរលង់ណាស់មកហើយ» ។ នេះជាទង្វើមើលងាយ ប្រមាថដល់ប្រវត្តិសាស្ត្រខ្មែរ
ដូនតាខ្មែរ និងប្រជាជាតិខ្មែរទាំងមូល ។
ថ្ងៃទី៨
ខែកក្កដា (ខែ៧) កន្លង សមាគមខ្មែរកម្ពុជាក្រោម យុវជនបញ្ញវន្តខ្មែរ
និងប្រជានុរាស្ត្រខ្មែរស្នេហាជាតិ ស្រឡាញ់មាតុភូមិ
បានធ្វើបាតុកម្មនៅមុខស្ថានទូតយួនប្រចាំព្រះរាជាណាចក្រកម្ពុជាទាមទារឲ្យលោកត្រឹន វ៉ាន់ថុង សុំទោសជាសាធារណៈ
ប៉ុន្តែមិនទទួលបានលទ្ធផលអ្វីឡើយ ។
ថ្ងៃទី២០
និង២១ ខែកក្កដា (ខែ៧) ដដែល សមាគមខ្មែរកម្ពុជាក្រោម យុវជនបញ្ញវន្តខ្មែរ
និងប្រជានុរាស្ត្រខ្មែរស្នេហាជាតិ ស្រឡាញ់មាតុភូមិ
ជាថ្មីម្ដងទៀតបានដង្ហែក្បួនដាក់ញាតិដើម្បីទាមទារឲ្យយួនទទួលស្គាល់ប្រវត្តិសាស្ត្រ
និងបញ្ជាក់ជាផ្លូវការថា «កម្ពុជាក្រោមជាទឹកដីរបស់ខ្មែរ» ដល់ស្ថានទូតទាំង ៧ ក្នុងនោះមានស្ថានទូតយួនទៀតផង ។
ក៏ប៉ុន្តែស្ថានទូតនេះ នៅតែមិនព្រមចេញទទួលញាតិ
ហើយអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានមកទទួលញាតិនៅមុខស្ថានទូតយួន ហើយសន្យាថា
សាលារាជធានីភ្នំពេញ
នឹងជូនញាតិនេះឲ្យក្រសួងការបរទេសដើម្បីធ្វើការនិងស្ថានទូតយួន
ក្នុងរយៈពេល ២សប្ដាហ៍នឹងមានដំណោះស្រាយ ។ ក៏ជាថ្មីម្ដងទៀត
ប្រជានុរាស្ត្រខ្មែរ អ្នកស្នេហាជាតិ
អ្នកឈឺឆ្អាលនឹងប្រវត្តិសាស្ត្រខ្មែរមិនទទួលបានចំលើយពីភាគីយួនឡើយ ។
ដោយហេតុដែលបានរៀបរាប់ខាងលើនេះ
សមាគមខ្មែរកម្ពុជាក្រោមមានកិត្តិយសប្រគេន និងជូនដំណឹង ព្រះថេរានុត្ថេរៈ
អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យុវជននិស្សិត បញ្ញវន្ត
បងប្អូនជនរួមជាតិខ្មែរនៅគ្រប់ទីកន្លែង ព្រះមេត្តា និងមេត្តាជ្រាមថា
ក្រុមយុវជនខ្មែរ សហការជាមួយអង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងធ្វើបាតុកម្មនៅមុខស្ថានទូតយួនជាថ្មីម្ដងទៀតនៅថ្ងៃទី១១
១២ និង១៣ ខែសីហា (ខែ៨) នេះ
ដើម្បីទាមទារស្ថានទូតយួនត្រូវឆ្លើយតបនូវសំណូមពរដែលបានជូនកាលពីថ្ងៃទី២២
ខែកក្កដា (ខែ៧) កន្លងហើយ ។
សមាគមខ្មែរកម្ពុជាក្រោមសូមបវារណា
និងអំពាវនាវព្រះថេរានុត្ថេរៈ យុវជននិស្សិត បញ្ញវន្ត បងប្អូនជនរួមជាតិខ្មែរនៅគ្រប់ទីកន្លែង
ព្រះមេត្តា និងមេត្តាចូលរួមបាតុកម្មនេះឲ្យបានច្រើនកុះករ
ដើម្បីទាមទារឲ្យយួនទទួលស្គាល់ប្រវត្តិសាស្ត្រខ្មែរ
ក៏ដូចជាសំដែងនូវការដឹងគុណដល់បុព្វបុរសខ្មែរ
អ្នកដែលបានកាប់ខ្លាឆ្ការព្រៃបង្កបង្កើតទឹកដីខ្មែររបស់យើង ។
សូមទទួលនូវសេចក្ដីស្រឡាញ់រាប់អានជាទីបំផុត
ពីយើងខ្ញុំ ព្រះករុណា !
ធ្វើនៅភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤